ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា ក្នុងរយៈប៉ុន្មានថ្ងៃចុងឆ្នាំ២០២២នេះ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្គ្រាមនៅខែកុម្ភៈ ។
ក្នុងពេលនេះដែរ ពលរដ្ឋក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែនត្រូវបានណែនាំ ឱ្យរកកន្លែងមានសុវត្ថិភាព នៅព្រឹកថ្ងៃ៣០ខែធ្នូនេះ ខណៈដែលសំឡេងស៊ីរ៉ែន បានបន្លឺពេញរដ្ឋធានីមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីបើកការវាយលុក ពីលើអាកាសដ៏ធំបំផុត ។ចាប់តាំង ពីម៉ោង២រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) អភិបាលក្រុងកៀវ បានចេញ ការជូនដំណឹងតាមបណ្តាញ Telegram អំពីការវាយប្រហារតាមដែនអាកាស ហើយបានអំពាវនាវ ឱ្យអ្នកស្រុកស្នាក់នៅមួយកន្លែង។ លោក អូឡេកស្គី គូឡេបា (Olekskiy Kuleba) អភិបាលក្រុងកៀវ បានបញ្ជាក់ថា «ការវាយប្រហារដោយយន្តហោះដ្រូន កំពុងធ្វើឡើង»។
បើតាមសាក្សីបានបញ្ជាក់ថា នៅចម្ងាយ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងកៀវ គាត់បានឮការផ្ទុះជាច្រើនលើក និងសំឡេងនៃការបាញ់ទម្លាក់យន្តហោះ។
ក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា អគារលំនៅឋានជាង ១៨ទីតាំង និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ចំនួន ១០ត្រូវបានបំផ្លាញ ក្នុងការវាយប្រហារថ្មីចុងក្រោយនេះ។
សំឡេងប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាសក៏ត្រូវបានបន្លឺឡើង នៅទូទាំងអ៊ុយក្រែនផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ីបើកការវាយប្រហារដោយមីស៉ីល ជាង១០០គ្រាប់ទៀត។ ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីវិមានក្រឹមឡាំង បានច្រានចោលផែនការសន្តិភាព១០ចំណុច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យ រុស្ស៉ីគោរពបូរណភាពទឹកដី របស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។ កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុន និងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូងដែលរុស្ស៉ីបានកាត់បញ្ចូល ជាឧបសម្ព័ន្ធរបស់ខ្លួន៕ ដោយធីរីណា
រូបថត : baotintuc.vn