ខេត្តស្វាយរៀង: យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុករមាសហែកនិងស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BW-០៤៤៩ បើកបរដោយឈ្មោះ រស់ សាបាន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរកសិករ និងកូនឈ្មោះស្រីអឺតូម៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិព្រែករមៀត ឃុំជ្រៃធំ ស្រុករមាសហែក ដោយធ្វើដំណើរមិនប្រកាន់ស្ដាំបានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ៥០ ពណ៌សណ្ដែក គ្មានស្លាកលេខ បើកបរដោយឈ្មោះឃួន រៀម ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស និងអ្នករួមដំណើរមានឈ្មោះ ស សាវឿន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ ត្រូវជាម្ដាយបង្កើត និងប្អូនឈ្មោះ ឃួន ភន ភេទប្រុស អាយុ៦ឆ្នាំ មុខរបរសិស្ស ត្រូវជាប្អូនបង្កើត រស់នៅភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦:១៥នាទីល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវបេតុងស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង
មានម៉ូតូម៉ាកហុងដាឌ្រឺម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ស្វាយរៀង1T-1931បើកបរឈ្មោះ ចាប សាម៉ុល ភេទស្រី អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រឺម ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1R-5892 បើកបរដោយឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បច្ចុប្បន្នអ្នករបួសទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបួរដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូស៊េរីឆ្នាំ ២០២១ បើកមិនប្រកាន់ស្ដាំ ៕ ដោយ៖ សុថាន