ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់ របួសធ្ងន់ចំនួន ១៣នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែធ្នូនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៥លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ។
គួរបញ្ជាក់ដែរថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣១ ខែធ្នូនេះ ដោយរកឃើញយានយន្តល្មើសចំនួន២៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៣គ្រឿង មានម៉ូតូចំនួន ២១៨គ្រឿង៕ដោយ៖អារុណរះ