ខេត្តស្វាយរៀង: បន្ទាប់ពីទទួលបានព័ត៌មានពីករណីអគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងមាន ទំហំ៥.៥ម៉ែត្រគុណនឹង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ស្ថិតនៅក្នុងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២៣ លោកស៊ូ ម៉ុល តំណាងលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកបានចូលរួមសោកស្ដាយដល់ម្ចាស់ផ្ទះនិងបាននាំយកសម្ភារសង្គ្រោះបន្ទាន់មកប្រគល់ជូនទៀតផង។
លោកស៊ូ ម៉ុល បានថ្លែងថា ក្នុងនាមតំណាងលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុអគ្គិភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សាមឿន ភេទប្រុសអាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះហាយ ម៉ាឡៃ អាយុ៥១ឆ្នាំ នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ។ ជាមួយគ្នានោះលោកបានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយត្រូវប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះថ្វីត្បិតតែមិនស័ក្តិសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។
ក្នុងឱកាសនោះលោកស៊ូ ម៉ុល ក៏បាននាំយកអង្ករ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនមកឆ្លើយតបនិងសង្រ្គោះបន្ទាន់ របស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក មកឧបត្ថម្ភម្ចាស់ផ្ទះរងគ្រោះរួមមានអង្ករ មី កន្ទេល ធុងទឹកក្ដៅ ចានស្រាក់ ធុងទឹកកកទឹកសុទ្ធ សារុង ភួយនិងសម្ភារមួយចំនួនទៀតព្រមទាំងថវិកាផងដែរ៕ ដោយ៖ សុថាន