ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានលើកទឹកចិត្កដល់កូនៗក្មួយៗសិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មី សូម ខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដោយជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវថែរក្សាអនាម័យជាប់ជានិច្ច។
ការលើកទឹកចិត្តនេះបានធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបើកបវេសនការនិងសំណេះសំណាលនិងចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា៧មករាព្រៃព្រះស្ថិតក្នុងឃុំដូងស្រុករមាសហែកដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលស្រុកលោកនាយប៉ុស្ត៏លោកមេឃុំ សប្បុរសជនសមាគមន៏ចិនលោកនាយកសាលាលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ក្នុងឪកាសនោះលោកអភិបាលស្រុកបានថ្លែងអំណរគុណដល់សប្បុរសជនសមាគមន៏ចិនដែលបានចំណាយថវិការផ្ទាល់ខ្លួនក្នុងការទិញសម្ភារសិក្សាដូចជាសៀវភៅប៊ិចខ្មៅដៃចែកជូនកូនៗក្មួយៗដែលសិក្សានៅ
សាលាបឋមសិក្សា៧មករា ព្រៃព្រះស្ថិតក្នុងឃុំដូង ក្នុងការបើកបវេសនការនៅថ្ងៃនេះដើម្បីរួមចំណែកលើកស្ទួយ លើវិស័យអប់រំក្នុងស្រុករមាសហែក នាពេលនេះផងដែរ។
លោកបានផ្តាំផ្ញើ និងជំរុញឱ្យប្អូនៗ ក្មួយៗ សិស្សានុសិស្ស បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង និងសូមឱ្យលោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្សបន្តអនុវត្តនូវវិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតផងដែរ។
លោកក៏សូមសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាមួយ ក្មូយៗ សិស្សានុសិស្សទាំងអស់
ដែលកំពុងសស្រាក់សស្រាំរៀបចំខ្លួនអបអរសាទរថ្ងៃបើកបវេសនការផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀន ពិសេសលោកក៏សូម កោតសរសើរចំពោះលោកនាយកនាយករងលោកគ្រូ អ្នកគ្រូ មាតា បិតាអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយជ្រុំជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។
លោក អភិបាលស្រុកក៏សូមផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា នឹងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សនិងជាសសរទ្រូងនៃប្រទេសជាតិយើង៕ដោយ៖ សុថាន