ភំ្នពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹង លោក បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោក ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ លោក ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។
ជាចុងក្រោយ លោក មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ លោក ឯកអគ្គរាជទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ ៕
ដោយ : សហការី