ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលី មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០ លានដុល្លារអាមេរិក ដោយរំដោះបាននូវផ្ទៃដីប្រមាណជា ២៥០ គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅជូនដល់ប្រជាជនកម្ពុជានៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសអូស្រ្តាលីគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីន ព្រមទាំងបានស្នើសុំឲ្យរដ្ឋាភិបាលអូស្រា្តលី បន្តបន្ថែមថវិកាជួយដល់កម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីននៅឆ្នាំ២០២៥ និងជួយដោះស្រាយហានិភ័យពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ផងដែរ។
លោកទេសរដ្ឋមន្រ្តី ក៏បានបន្តលើកឡើងអំពីរបត់ការងារបោសសម្អាតមីនក្នុងឆ្នាំ២០២២នេះ ដែលមានវិស័យឯកជន និងសប្បុរសជននានាជាច្រើនបានចូលរួមវិភាគទានជាមួយចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលអាជ្ញាធរមីនបានយកវិភាគទានទាំងនេះ ទៅធ្វើការផ្ទៃដីមានមីនបានជាង ៩១គីឡូម៉ែត្រក្រឡា។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីនក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនទាំងស្រុង កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនប្រមាណជា ៥៨៧ គីឡូម៉ែត្រក្រឡាទៀត ដែលមានកម្ពុជាមានមហិច្ឆតាត្រូវបញ្ចប់ឲ្យអស់ត្រឹមឆ្នាំ២០២៥។
លោក Pablo Kang បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការបញ្ចប់ការងារបោសសម្អាតមីននៅឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់អាជ្ញាធរមីន ក្នុងការងារសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានទទួលលទ្ធផលជាច្រើនរយៈពេល ៣០ឆ្នាំនេះ៕ដោយ៖ចន្ទ លីហ្សា