កម្ពុជារកចំណូលបានជាង «១១លានដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១២ខែ ដើមឆ្នាំ២០២២

ចែករំលែក៖

ខេត្តសៀមរាប៖ កម្ពុជារកចំណូលបានជាង «១១លានដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១២ខែ ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង ២ ០០០ភាគរយធៀបនឹងឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីចុងសប្ដាហ៍មុន ឱ្យដឹងថាចំណូលចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ១២ខែ ដើមឆ្នាំ២០២២នេះ មានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង ២ ០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ខណៈទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២ ១៣៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ បានចំនួន ៩០ ៤៥០ដុល្លារផងដែរ ដោយឡែក ចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស មានចំនួន ១៦៥ ៣០៨ដុល្លារ។

គួររំលឹកដែលថា ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» សម្តេចតេជោ ហ៊ុន សែន រំពឹងថាកម្ពុជានឹងមានទេសចរផ្ទៃក្នុង ១១លាននាក់ និងបរទេស ៧លាននាក់ នៅឆ្នាំ២០២៣។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបរាយការណ៍ជូនសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា, ក្នុងឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍បរទេស មកលេងកម្សាន្តនៅកម្ពុជា ចំនួន ២,២លាននាក់ ។ សម្តេចតេជោ ហ៊ុនសែន សង្ឃឹមថា, ឆ្នាំ២០២៣ បានភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាច្រើន ពិសេសច្រើនជាងគេ គឺជនជាតិចិន ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជាហត់លោតឡើងវិញ ហើយប្រជាពលរដ្ឋមាន ការងារធ្វើ មានចំណូល ខណៈកម្ពុជាមានសន្តិភាព ពេញលេញ ក្នុងរយៈពេល ២៤ឆ្នាំនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print