ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ ពលរដ្ឋដែលរស់នៅចំការលោកខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបន្តចាកចេញ ជិតអស់ហើយ នៅសល់ចំនួនប្រមាណជាង ១០០នាក់ប៉ុណ្ណោះ។ ពួកគាត់ទាំងនោះ គឺនៅជួយមើលថែចម្ការខ្លះទៀតឃ្វាលគោ ចិញ្ចឹមជ្រូក ជាដើម។
ចំពោះពលរដ្ឋដែលរស់នៅក្នុងចំការនោះអ្នកខ្លះមានជំងឺ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយព្យាបាលជាសះស្បើយឡើងវិញផងដែរ រីឯកម្លាំងសមត្ថកិច្ចចម្រុះកំពុងបន្តយាមកាមជាច្រើននាក់ដើម្បីការពារសុវត្ថិភាពរបស់ពួកគាត់។ ទាំងនេះគឺសមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
សមត្ថកិច្ចបានឲ្យដឹងថា នាពេលថ្មីៗនេះរដ្ឋបាលខេត្ត សៀមរាប បានជូនដំណឹងទៅសកម្មជន LDP ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងចំការលោកខឹម វាសនា ឲ្យចាក ចេញពីចំការទៅប្រកបមុខរបររកស៊ីរៀងៗខ្លួនឡើងវិញ។ពីព្រោះថាអ្វីដែលលោកខឹមវាសនាបានលើកឡើងអំពីការទឹកលិចពិភពលោកនោះមិនមែនជាការពិតទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រមូលផ្តុំអ្នកគាំទ្រ និងសមាជិកសកម្មជនមកពីតាមបណ្ដារាជធានី ខេត្ត នៅទូទាំងប្រទេស ដើម្បីមកជួបប្រជុំគ្នានៅចំណុចចម្ការម្រេចរបស់លោក ខឹម វាសនា ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្តាប់ការពន្យល់របស់លោក ខឹម វាសនា អំពីការបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ពន្យល់អំពីដំណើរធម្មជាតិ ជាពិសេសគឺការគេចផុតពីទឹកជំនន់ ដោយមានអ្នកចូលរួមច្រើន បែបជាលក្ខណៈគ្រួសារដោយមានទាំងក្មេងតូចៗផង រួមទាំងមានចាន ឆ្នាំង មុង ភួយ កន្ទេល ខ្នើយ និងរបស់របរប្រើប្រាស់ផ្សេងៗផង៕ ដោយ៖ សូរិយា