ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយអនុក្រឹត្យចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការដំឡើងប្រាក់ឧបត្ថម្ភនេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។
ក្នុងអនុក្រឹត្យនោះ រដ្ឋាភិបាលបានដំឡើងប្រាក់ខែដល់ប្រធានក្រុមប្រឹក្សារាជធានី :
-ប្រធានក្រុមប្រឹក្សាខេត្ត ចំនួន ១ ៥៧០ ០០០រៀល។ -សមាជិកក្រុមប្រឹក្សារាជធានី សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ១ ១៩៥ ០០០រៀល។
-ប្រធានក្រុមប្រឹក្សាក្រុង ប្រធានក្រុមប្រឹក្សាស្រុក និងប្រធានក្រុមប្រឹក្សាខណ្ឌ ចំនួន ១ ២៨៥ ០០០រៀល។ -សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខណ្ឌ ចំនួន ៩៧០ ០០០រៀល។
-មេឃុំ ចៅ សង្កាត់ ចំនួន ១ ២៤០ ០០០រៀល។
ចំពោះប្រាក់ឧបត្ថម្ភជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ និងចៅសង្កាត់រងទី២ ក៏ត្រូវដំឡើងដល់ត្រឹម ៩៣០ ០០០រៀល។ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន ៨២០ ០០០រៀល។ មេភូមិ ចំនួន ៥១០ ០០០រៀល។ អនុប្រធានភូមិ ចំនួន ៣៩០ ០០០រៀល ហើយសមាជិកភូមិ ចំនួន ៣៦០ ០០០រៀល។
ដោយឡែកប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏ត្រូវបានដំឡើងផងដែរ។ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី និងខេត្ត ចំនួន ១ ៥៧០ ០០០រៀល។ អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី និងខេត្តចំនួន១ ១៩៥ ០០០រៀល។ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង និងស្រុកចំនួន ១ ២៨៥ ០០០រៀល។
ប្រាក់ឧបត្ថម្ភដែលបានកំណត់នៅក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងមេឃុំ ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ : សិលា