ភ្នំពេញ : សូមអបអរសាទរសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អ ជំនាន់ទី១ ដល់ជំនាន់ទី៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ!
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធី « ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អជំនាន់ទី ១ ដល់ជំនាន់ទី៨ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានារសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រនេះដែរ មានការអញ្ជើញចូលរួមដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ លោក លោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃស.ស.យ.ក. លោក ទុយ ស៊ីផាន់ ប្រធានគណៈគ្រប់គ្រងកម្មវិធី លោក លោកស្រី សាស្ត្រាចារ្យ និងក្រុមការងារកម្មវិធី ព្រមទាំងសិក្ខាកាម សរុបប្រមាណ៦០០នាក់។
សូមជម្រាបជូនដែរថា ក្រោមការដឹកនាំផ្ទាល់របស់ លោក សាយ សំអាល់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំ «វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អ» ដោយបើកឱកាសយុវជន និងមន្ត្រីរាជការដែលមានឆន្ទៈ និងសក្តានុពលពិតប្រាកដ មកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដើម្បីប្រែក្លាយខ្លួនទៅជាធនធានជួរមុខរបស់ក្រសួង ស្ថាប័ន អង្គភាពនានា និងរបស់ជាតិប្រកបមានគុណធម៌ ឧត្តមគតិ និងមនសិការ។ វគ្គបណ្តុះបណ្តាលគ្រាប់ពូជល្អនេះ ត្រូវបានបញ្ចប់ដោយជោគជ័យសរុបចំនួន០៨ ជំនាន់ ហើយក្នុងពិធីនារសៀលនេះ នឹងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមសរុបចំនួន ៥៤២ រូប ៕
ដោយ : សហការី