ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា៖ មនុស្សចំនួន ១៤ ៧៨៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបទល្មើសគ្រឿងញៀន (នគរបាល និងអាវុធហត្ថ) សរុបចំនួន ៦២៩០ករណី ពេញមួយឆ្នាំ២០២២ ក្នុងនោះមានជនបរទេស ២៥៩នាក់ (ស្រី៣៣នាក់) មាន៩សញ្ជាតិ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា៖ ក្នុងចំណោមការបង្ក្រាបសរុបទាំង ៦ ២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៤ ៧៨៤នាក់នេះ៖ មានករណីជួញដូរចំនួន ៣ ០៩៧ករណី ឃាត់ខ្លួម ៦១២០នាក់ (ស្រី៤៨៣នាក់), ករណីដឹកជញ្ជូន រក្សាទុកចំនួន ១ ០៩៤ករណី ឃាត់ខ្លួន ១ ៧៧៨នាក់ (ស្រី ១០១នាក់) ,ករណីផលិត កែច្នៃចំនួន ១០ករណី ឃាត់ខ្លួន ៣៤នាក់, ករណីចាត់ចែង សម្រួលចំនួន ១២ករណី ឃាត់ខ្លួន ២១នាក់ (ស្រី៣នាក់), ករណីដាំដុះ ៣២ករណី ឃាត់ខ្លួន ចំនួន៥នាក់, ករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ៣៨ករណី ឃាត់ខ្លួន៣៩នាក់ ,និងករណីប្រើប្រាស់ចំនួន ២ ០០៧ករណី ឃាត់ខ្លួន ៦ ៧៨៧នាក់ (ស្រី៣៦០នាក់)។ ជាមួយគ្នានោះ ក៏មានករណីអនុវត្ដន៍ដីកាតុលាការផងដែរ ដោយមានចំនួន ៤៨៨ដីកា ចាប់ខ្លួន ៤២៩នាក់ (ស្រី១៣នាក់)។
របាយការណ៍ដដែល បានបន្តថា ក្នុងឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង ១៤តោន, កញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាសួតជាង ៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សម្ភារៈចាប់យកមានរថយន្ត ១៤៤គ្រឿង ម៉ូតូ ១៤៣៦គ្រឿង, ទូរស័ព្ទ ៥ ៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម (កែច្នៃ៣៩ដើម) គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង ៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់វៀតណាម ២៨លានដុង និងប្រាក់យ័នចិន ៧០០យន់។
បេីតាមការបញ្ជាក់ពីអគ្គលេខាធិការអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងឱ្យនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា៖ ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ចំនួនបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែបើសង្កេតមើលចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួនច្រើនជាងដល់ទៅ១០តោនឯណោះ ដោយកាលពីឆ្នាំ២០២១ រឹបអូសបានតែជាង៤តោនទេ ប៉ុន្តែឆ្នាំ២០២២ មានចំនួនសរុបរហូតដល់ ១៤តោន។
លោកអគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា៖ “នៅឆ្នាំ២០២២កន្លងទៅនេះ ការចាប់យកបាននូវសារធាតុញៀនក្នុងករណីខ្លះ គឺមួយករណីមានបរិមាណច្រើនតោន ដោយសារតែក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិប៉ុនប៉ង ធ្វើការដឹកជញ្ជូនគ្រឿងញៀនក្នុងបរិមាណច្រើនទៅប្រទេសទីបី ដោយយកកម្ពុជាជាកន្លែងឆ្លងកាត់”។
គួរជម្រាបដែរថា កម្លាំងសមត្ថកិច្ច កាលពីឆ្នាំ២០២១កន្លងទៅ បានបង្ក្រាបករណីគ្រឿងញៀនចំនួន ៦២៤២ករណី ឃាត់ខ្លួនមនុស្ស ១៣៧៦៥នាក់ (ស្រី៨០២នាក់) ដោយដកហូតសារធាតុញៀនជាង ៤តោនផងដែរ៕ ដោយ៖សហការី