ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ១នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើក។
សូមជម្រាបជូនថា នៅថ្ងៃដដែលនេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៨៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៤គ្រឿង ម៉ូតូចំនួន ៩៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៩គ្រឿង មានម៉ូតូចំនួន ៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕ដោយ៖សហការី