ភ្នំពេញ ៖ យុវតីជាកូនឈ្នួលនៅក្នុងហាងបោកអ៊ុតសម្លៀកបំពាក់និងហាងសាឡនមួយកន្លែងបានបានចងកសម្លាប់ខ្លួននៅមាត់បង្អួចដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីម៉ោង ៧យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបុរីពិភពថ្មី ផ្សារឈូកមាស ផ្ទះលេខ១២០ ផ្លូវB សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ណាកេត អាយុ១៤ឆ្នាំ ជាបុគ្គលិកក្នុងហាងបោកអ៊ុត
និងសាឡន មានស្រុកកំណើតនៅខេត្តកំពង់ធំ។
យោងតាមការបញ្ជាក់ពីស្រ្តីជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់និងក្រុមគ្រួសារបានចេញពីផ្ទះទៅខេត្ត ដើម្បីទៅការបងប្អូន រួចទុកឱ្យយុវតីរងគ្រោះជាកូនឈ្នួលនៅមើលផ្ទះតែម្នាក់ឯង។ ក្រោយមកស្រ្តីជាម្ចាស់ផ្ទះក៏បានឆ្លៀតឆែកកាមេរ៉ាសុវត្ថិភាព មើលក្នុងបរិវេណជុំវិញផ្ទះ ក៏ឃើញភ្ញៀវមកយកខោអាវ តែមិនឃើញនារីរងគ្រោះចេញមកក្រៅយកខោអាវឱ្យភ្ញៀវនោះទេ។ បន្ទាប់មកស្រ្តីជាម្ចាស់ផ្ទះក៏បានទូរស័ព្ទឱ្យអ្នកជិតខាងទៅមើល ហើយក៏បានដើរចូលទៅខាងក្នុងផ្ទះ ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះបានយកខ្សែ ចងកធ្វើអត្តឃាតខ្លួនឯងនៅមាត់បង្អួចស្លាប់បាត់ទៅហើយ ។ ក្រោយមកអ្នកដែលឃើញហេតុការណ៍ក៏បានទាក់ទងទៅស្រ្តីជាម្ចាស់ផ្ទះវិញដើម្បីឱ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ ពិនិត្យទៅលើសពក្មេងស្រីរងគ្រោះ។ ក្រោយពីពិនិត្យរួច បាន
បញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ