ខេត្តកំពង់ចាម៖ ថ្លែងនាឱកាសពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា៖ កត្តាសន្តិភាពបាន ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយកត្តាសន្តិភាព និងការអភិវឌ្ឍនេះត្រូវ តែដើរទន្ទឹមគ្នាជានិច្ចមិនថាកាលៈទេសៈណានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺដៃម្ខាងថែរក្សា និងការពារសន្តិភាព និងដៃម្ខាងទៀត ជំរុញការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ប្រសិនបើ ការដឹកនាំរបស់រាជរដ្ឋាភិបាលពុំមានការអភិវឌ្ឍទេនោះ ភាពវឹកវរប្រទេសនឹងកើតមានដោយសារតែកត្តាភាពក្រីក្រ ដូច្នេះមិនថាតម្លៃណានោះទេ ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាព និងការអភិវឌ្ឍនេះឱ្យខាងតែបាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអគុណជាថ្មីម្តងទៀតចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនតាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈដែលសម្តេចមានវត្តមាននៃការដឹកនាំប្រទេសដល់សព្វថ្ងៃនេះគឺកើតចេញពីការគាំទ្ររបស់បងប្អូននៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា សម្តេចនៅតែបន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមជំហ៊ានគីង្គក់ដដែល ដោយមិនធ្វើតាមជំហ៊ានយក្ស ឬមហាលោតផ្លោះអ្វីនោះទេ។ នេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹង បន្តគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសតទៅទៀត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនបន្ថែមទៀតនោះ៕ដោយ៖ស តារា