ខេត្តកំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់នូវការជឿទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសការជឿទុកចិត្តចំពោះសម្ដេចផ្ទាល់ សម្រាប់ការដឹកនាំប្រទេសប្រកបដោយសន្ដិភាព និងការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏មិនអាចជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដែរ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងការទទួលវ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ ប្រទេសកម្ពុជា ក៏មិនអាចបើកដំណើរការសង្គមសេដ្ឋកិច្ចជាធម្មតាឡើងវិញបានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ កូវីដ១៩ បានទាញយកជីវិតប្រជាជនកម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយ គួរឱ្យខ្លាច។ ប៉ុន្ដែដោយសារមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទៅលើគោលនយោបាយ ទៅលើយុទ្ធសាស្រ្ដ និងបណ្ដាវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុងកិច្ចការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៕ដោយ៖ស តារា