ប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក ទំនងជានឹងលុបចោលការរឹតបន្តឹងលើការនាំចេញអង្ករនាពេលខាងមុខនេះ។ នេះជាសកម្មភាពមួយដែលបង្ហាញពីការគាំពារ ស្បៀងអាហារពិភពលោកបន្ទាប់ពីមានជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី១០ ខែមករា បានដកស្រង់ប្រភពមួយដោយនិយាយថា អាជ្ញាធរឥណ្ឌាកំពុងពិចារណាយ៉ាងសកម្មក្នុងការដកការរឹតបន្តឹងការនាំចេញលើប្រភេទអង្ករមួយចំនួនដោយសារតម្លៃអង្ករក្នុងស្រុកមានស្ថិរភាពជាងមុន និងដោយសារការផ្គត់ផ្គង់ប្រសើរឡើង។ ប្រភពបន្តថា បច្ចុប្បន្នអង្ករបម្រុងរបស់រដ្ឋាភិបាលមានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការកម្មវិធីសុខុមាលភាព។
នៅចុងខែវិច្ឆិកាឆ្នាំមុន ទីក្រុងញូវដែលីបានលុបចោលការត្រួតពិនិត្យការនាំចេញលើអង្ករធម្មតា (លើកលែងតែអង្ករក្រអូប basmati)។ ប្រទេសឥណ្ឌាមានចំណែកប្រហែល ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោក។ ការសម្រេចចិត្តណាមួយរបស់ឥណ្ឌាក្នុងការបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញអង្ករអាចបន្ថយតម្លៃអង្ករគោលនៅអាស៊ី ដែលកំពុងជួញដូរនៅជិតកម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១មក។
វិធានការដើម្បីសម្រួលការនាំចេញអង្ករកំពុងត្រូវបានគេពិភាក្សាដោយអាជ្ញាធរឥណ្ឌា ខណៈដែលការព្រួយបារម្ភអំពីអតិផរណាស្បៀងអាហារបានធូរស្រាលបន្តិចម្តងៗ។ យោងតាមទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) តម្លៃស្បៀងអាហារពិភពលោកក្នុងខែចុងក្រោយនៃឆ្នាំ២០២២ បានវិលមករកកម្រិតជិតដល់កម្រិតនៅដើមឆ្នាំ បើទោះបីជាមានការរំខានដល់ការផ្គត់ផ្គង់មួយឆ្នាំដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងអាកាសធាតុអាក្រក់។
ប្រទេសឥណ្ឌាបានដាក់ពន្ធ ២០% លើការនាំចេញអង្ករស និងអង្ករសម្រូបកាលពីខែកញ្ញាឆ្នាំមុន និងបានហាមឃាត់ការលក់អង្ករ ១០០% ទៅក្រៅប្រទេស។ ការរឹតបន្តឹងការនាំចេញទាំងនេះនាំឱ្យប៉ះពាល់ប្រហែល 60% នៃការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។ លើសពីនេះ កាលពីឆ្នាំមុន ឥណ្ឌាក៏បានដាក់កម្រិតលើការនាំចេញស្រូវសាលី និងស្ករផងដែរ៕ ដោយធីរីណា
រូបថត : Bloomberg