ភ្នំពេញ : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុញាតិឱ្យ លោក វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា លោក វ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ។
លោក វ៉ាហ៊ីត ក៏បានគោរព ជំរាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
លោក វ៉ាហ៊ីត បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរ កម្ពុជា-តួគី មានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតី ហើយសម្ដេចតេជោក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ។
ជាមួយនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសម្ដែងនៅការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ានកន្លងមក ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្ដានុពលដូចដែល លោក វ៉ាហ៊ីត បានលើកឡើងខាងលើនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូន លោក វ៉ាហ៊ីត ថា គប្បីណាលើកទឹកចិត្តឱ្យមានអ្នកវិនិយោគតួគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។ សម្ដេចបន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរទៀតផង ៕
ដោយ : សិលា