សម្តេចតេជោ បញ្ជាក់ថា, តាមផ្លូវច្បាប់ ផ្ទះនិងដីដែល លោក គង់ គាំ នៅនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា , តាមផ្លូវច្បាប់ ផ្ទះនិងដីដែល លោក គង់ គាំ នៅនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស  ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។” 

សម្តេចតេជោ បានលម្អិតថា, ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print