ខេត្តកំពត៖ បន្ទាប់ពីខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវរួចហើយ ខ្ញុំបានបន្តដំណើរតាមផ្លូវជាតិលេខ៣ ដែលមានចំងាយ ១៨០គម ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានរយៈពេល៣ម៉ោង។ ខ្ញុំសប្បាយរីករាយដែលបានឃើញសមិទ្ធផលផ្លូវថ្នល់ និងស្ពានតូចធំតាមផ្លូវជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ ដើម្បីប្រកបការងារទទួលទានដែលបានកែប្រែជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ សមិទ្ធផលទាំងអស់នេះកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងដោយសារយើងបានខិតខំទាំងអស់គ្នាតាំងពីបាតដៃទទេរ ដែលពេលនោះគ្មាននរណានៅជាមួយយើងទេ។
នៅតាមផ្លូវខ្ញុំបានចុះសួរសុខទុក្ខ និង Selfie ជាបងប្អូនប្រជាពលរដ្ឋ ក្មួយៗ យុវជន និងអាជីវករនៅផ្សារសាមគ្គីទីរួមខេត្តកំពតប្រកបដោយភាពសប្បាយរីករាយបំផុត។ ខ្ញុំសូមអរគុណបងប្អូនដែលបានទទួលស្វាគមន៌ខ្ញុំយ៉ាងរាក់ទាក់កក់ក្តៅ ជាពិសេសសខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូនមានមុខរបរលក់ដូរ និងជីវភាពរស់នៅធូរធារជាមួយទឹកមុខញញឹមរីករាយដែលបង្ហាញនូវការពេញចិត្ត និងក្តីសង្ឃឹម។ នេះហើយដែលជាបំណងប្រាថ្នារបស់ខ្ញុំ គឺចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត មានការងារធ្វើ និងមានមុខរបរចិញ្ចឹមជីវិតកាន់តែល្អប្រសើរឡើង។ នៅក្នុងការចុះសួរសុខទុក្ខនេះ ខ្ញុំក៏បានស្តាប់ និងទទួលនូវសំណូមពរបងប្អូនអាជីវករយើងមួយចំនួនយកទៅពិចារណាដោះស្រាយផងដែរ។
ខ្ញុំសូមអរគុណជនរួមជាតិដែលតែងតែគាំទ្ររូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខទៀតក្រោមម្លប់សន្តិភាព៕
ដោយ៖ សុវណ្ណារ៉ា