កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំ កម្ពុជា នៅក្នុងជំនួបនាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីក បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជា មួយកម្ពុជា និងតំបន់។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយទាំង លោម ឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីរីករាយចំពោះស្ថានភាពនៃ ទំនាក់ទំនងទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរាជទូត វីល្លៀម បានស្វាគមន៍ ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ហើយបានបង្ហាញក្តីសង្ឃឹមថា ការចរចាលើសេចក្ដី ព្រាងអនុស្សារណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់ក្នុងពេល ឆាប់ៗនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរាជទូត វីល្លៀម បានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះការរៀបចំកិច្ច សន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ចក្រភពអង់គ្លេសប្រកបដោយជោគជ័យ និងមានទស្សនៈដូចគ្នាក្នុង ការបន្តកិច្ចសន្ទនានេះ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្តី្រ និង លោកឯកអគ្គរាជទូត បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលប្រទេសទាំងពីរ នឹងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជា ឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើក ឡើងពីលទ្ធផលនៃកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្ស និងបានស្នើឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនានេះទៅជា ការពិគ្រោះយោបល់នយោបាយ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដង ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ មានអត្ថន័យខាងលើ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត វីល្លៀម ក៏បានពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែរ រួមមាន ពាណិជ្ជកម្ម ថាមពល ការប្រែប្រួលអាកាសធាតុ ការអប់រំ និងការពារជាតិ ជាដើម។

នៅក្នុងក្របខ័ណ្ឌអាស៊ាន-ចក្រភពអង់គ្លេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន អបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងទន្ទឹងរង់ ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញភាពជាដៃគូនេះ។ លោក បានកត់ សម្គាល់ដោយក្តីពេញចិត្តចំពោះភាពជោគជ័យនៃរៀបចំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានជាមួយចក្រភពអង់គ្លេស (PMC) ជាលើកដំបូង កាលពីខែសីហា នៅរាជធានីភ្នំពេញ និង ចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនោះរបស់ លោក ជាមួយ លោកស្រី Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។ លោកឯកអគ្គរាជទូត វីល្លៀម បានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ានប្រកបដោយជោគជ័យ និង “ការងារដ៏ល្អអស្ចារ្យ” របស់កម្ពុជា ក្នុងការធានាឱ្យបាននូវ ដំណើរការដ៏រលូននៃគ្រប់កិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរាជទូត វីល្លៀម ក៏បានផ្លាស់ប្ដូរ ទស្សនៈលើការវិវត្តនានានៅក្នុងតំបន់ និងអន្តរជាតិ និងបានឯកភាពលើជំហរចំពោះការគោរពច្បាប់ អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print