ភ្នំពេញ : នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ និងលោក គង់ មុនីកា ដាក់លិខិតស្នើសុំចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា,
សូមគោរពជម្រាបជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំបាទ គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន, សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនបញ្ហាធំៗទាំងពីរ ជាផលវិបាកដ៏ ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។
១- បញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល អសន្តិសុខសង្គម ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។
២- បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខ្ញុំបាទ និងគ្រួសារកំពុងស្នាក់នៅ។
បញ្ហាដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួប ដើម្បីសូមសម្ដេចផ្ដល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុតចំពោះបញ្ហាខាងលើដោយក្តីអនុគ្រោះ។
បើលោក គង់ មុនីកា បានគោរពជូនសម្តេចតេជោ ហ៊ុនសែន យ៉ាងដូច្នេះថា, ខ្ញុំបាទ គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្ដែងការគួរសម និងស្តាប់ការណែនាំអំពីបរិយាកាស និងដំណើរ នយោបាយជាវិជ្ជមាននៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូម – សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុញ្ញាតឲ្យខ្ញុំបាទ បានចូលជួប ដើម្បីសូមសម្ដេចផ្តល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ដោយក្តីអនុគ្រោះ ៕
ដោយ : សិលា