ខេត្តបន្ទាយមានជ័យ៖ ដឹងហេីយលឺហេីយ ហេតុអ្វីពួកគាត់នៅតែបន្តនាំគ្នាផឹកស្រា.សលាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា រហូតគេសង្ស័យថាបណ្ដាលមកពីពុលស្រាស្លាប់ទាំងពូនិងក្មួយស្រី ក្រោយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។
យោងតាមប្រភពព័ត៌មានពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ អាយុ៤៧ឆ្នាំ គឺជាគ្រូបង្រៀនសាលាឯកជនមួយនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងជនរងគ្រោះម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ភេទស្រីរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ត្រូវជាក្មួយ)។
សេចក្ដីរាយការណ៍ដដែលបន្តថា មុនពេលកេីតហេតុជនរងគ្រោះទាំង២នាក់ កាលពីរសៀលថ្ងៃទី៩ មករា ២០២៣កន្លងទៅ ជនរងគ្រោះឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ ត្រូវជាពូបានទៅលេងក្មួយស្រីដល់ផ្ទះ ហើយនាំគ្នាផឹកស្រា.សដែលក្មួយទិញទុកយូរហើយ ដោយលាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា។ ក្រោយទទួលទានស្រា.សនេះ រួចបានប្រហែល ៣ទៅ ៤ម៉ោង ស្រាប់តែជនរងគ្រោះទាំង២មានអាការៈមិនស្រួលខ្លួន។ ភ្លាមនោះក្រុមគ្រួសារសាច់ញាតិក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដេីម្បីជួយសង្គ្រោះផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ លោកវេជ្ជបណ្ឌិត ឪក ទីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានឱ្យដឹងតាមទូរស័ព្ទថា កាលពីព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមន្ទីរពេទ្យពិតជាបានទទួលមនុស្សប្រុសស្រី២នាក់ ដែលជាជនរងគ្រោះខាងលើមែន។ ប៉ុន្តែលោកថា ដោយសារជនរងគ្រោះទាំង២នាក់នោះ មានអាការៈធ្ងន់ធ្ងរ ទេីបលោកសម្រេចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីតែម្តង។ បច្ចុប្បន្នខាងមន្ទីរសុខាភិបាលខេត្ត បានប្រមូលវត្ថុពាក់ព័ន្ធបញ្ជូនទៅក្រសួង ដើម្បីត្រួតពិនិត្យផងដែរ។
ជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក ឡេ ចន្ទសង្វាត បានឱ្យដឹងដែរថា៖ ករណីខាងលើនេះ យេីងមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ដោយអះអាងថា ពេលនេះក្រុមការងាររបស់មន្ទីរនឹងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
ចំណែកជុំវិញករណីនេះដែរ ខាងសមត្ថកិច្ចក្រុងប៉ោយប៉ែត ក៏បានបដិសេធមិនទាន់ធ្វើអត្ថាធិប្បាយដែរដោយលើកហេតុផលថា ពេលនេះជំនាញពាក់ព័ន្ធមកពីស្នងការដ្ឋាននគរបាលខេត្តនឹងក្រុមគ្រូពេទ្យកំពុងធ្វើការនៅឡើយ។ បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណ្យនៅលំនៅឋានរៀងៗខ្លួន។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរកន្លែងកើតហេតុ បានដាក់ការសង្ស័យថា ជនរងគ្រោះទាំង២នាក់អាចស្លាប់ដោយសារពុលស្រា.សច្រើនជាងករណីផ្សេងៗ៕ដោយ៖សហការី