ដើម្បីទំនាក់ទំនងល្អ កូរ៉េខាងត្បូងនឹងខិតខំដើម្បីដោះស្រាយបញ្ហាទាសករសម័យសង្គ្រាមជប៉ុន

ចែករំលែក៖

ព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងត្បូងកំពុងព្យាយាមដោះស្រាយ បញ្ហាចាប់បង្ខំកម្លាំងពលកម្ម ក៏ដូចជាចាប់ស្ត្រីធ្វើជាទាសករផ្លូវភេទក្នុងសម័យសង្រ្គាមលោក ដែលធ្វើឱ្យទំនាក់ទំនងល្អក់កករជាមួយជប៉ុនជាច្រើនទសវត្សរ៍កន្លងមក។

ក្រុមមន្រ្តីកូរ៉េខាងត្បូងកំពុងពិចារណាបង្កើតមូលនិធិក្នុងស្រុកមួយ ដើម្បីផ្តល់សំណងដល់ប្រជាជនកូរ៉េ ដែលត្រូវបានក្រុមហ៊ុនជប៉ុន បង្ខំឲ្យធ្វើជាទាសករមុនពេលបញ្ចប់សង្គ្រាមលោកលើកទី២ ខណៈដែលទីក្រុងសេអ៊ូលព្យាយាមជួសជុលទំនាក់ទំនង ជាមួយទីក្រុងតូក្យូ ដែលកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបញ្ហាប្រវត្តិសាស្ត្រ។
ផែនការនេះត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីជនរងគ្រោះ និងមេធាវីរបស់ពួកគេដែលទាមទារឱ្យសំណង ត្រូវមកពីប្រទេសជប៉ុនផ្ទាល់។ ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានធ្លាក់ចូលទៅក្នុងភាពតានតឹង ចាប់តាំងពីតុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ បានតម្កល់សាលក្រមរបស់តុលាការជាន់ទាប និងបញ្ជាឲ្យក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Mitsubishi ផ្តល់សំណងដល់ប្រជាជនកូរ៉េ។
ប៉ុន្តែក្រុមហ៊ុនជប៉ុនបានបដិសេធមិនធ្វើតាម ហើយដើមបណ្តឹងបានឆ្លើយតបដោយការបន្តប្រើវិធានការផ្លូវច្បាប់ ក្នុងគោលបំណងបង្ខំឲ្យក្រុមហ៊ុនលក់ ទ្រព្យសម្បត្តិក្នុងស្រុករបស់ពួកគេ ដើម្បីផ្តល់សំណង ខណៈដំណើរការបែបនេះត្រូវបានមន្ត្រីកូរ៉េខាងត្បូងបារម្ភថា នឹងបង្កឲ្យមានការបែកបាក់ថែមទៀត រវាងទីក្រុងសេអ៊ូលនិងតូក្យូ។ ជនរងគ្រោះក៏បានទាមទារឲ្យក្រុមហ៊ុនជប៉ុន ចេញលិខិតសុំទោសជាសាធារណៈជុំវិញបញ្ហារបស់ពួកគេនេះផងដែរ។
ក្នុងវេទិកាសាធារណៈនៅឯរដ្ឋសភា មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី សេអូ មីនជុង (Seo Minjung) បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺរៀបចំការទូទាត់សំណងឲ្យបានលឿនតាមដែលអាចធ្វើបាន ដោយកត់សម្គាល់ថាជនរងគ្រោះនៃការចាប់បង្ខំកម្លាំងពលកម្ម ជាច្រើននាក់ហើយ បានទទួលមរណភាព ចំណែកអ្នករស់រានមានជីវិតភាគច្រើនគឺស្ថិតក្នុងវ័យ៩០ឆ្នាំ។ លោកស្រី សេអូ បានបន្ថែមថា វាប្រហែលជាមិនអាចទៅរួចទេ ក្នុងការធ្វើឲ្យក្រុមហ៊ុនជប៉ុនសុំទោសជាសាធារណៈនោះ ហើយវាក៏ជាមូលហេតុចម្បងនៃការជាប់គាំងការទូត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕

...

រូប​ថត​ :​AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print