ភ្នំពេញ : នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំនិងគ្រួសាររយៈពេល៣ម៉ោងកន្លះ។
នាយប់នោះសម្តេចតេជោ មានប្រសាសន៍យ៉ាងខ្លីថា, កុំឲ្យយប់យូរសុបិនច្រើនខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះ នេះជូនក្រសួងការបរទេសដែលអាចធ្វើ
នាសប្តាហ៍ក្រោយ។
ដោយឡែក លោក គង់ គាំ បានធ្វើលិខិតមួយ គោរពជូន លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបាទ គង់ គាំ អត្តសញ្ញណបណ្ណលេខ 010008108(01) សូមគោរពជូន លោក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
កម្មវត្ថុ៖ ខ្ញុំបាទ និងភរិយា សូមស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។
ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេល វេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។
ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយ ក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ៕
ដោយ : សិលា