សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ នៅភាគកណ្តាលរដ្ឋអាឡាបាម៉ារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព្យុះផ្គររន្ទះ និងខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញតំបន់។
អ្នកនាំពាក្យរបស់ការិយាល័យប៉ូលិសតំបន់អូថាហ្គា (Autauga) បានឱ្យដឹងថា មនុស្សចំនួន៦នាក់បានស្លាប់ដោយសារតែព្យុះនេះ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ។ អភិបាលរដ្ឋអាឡាបាម៉ា លោកស្រី Kay Ivey នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងតំបន់ចំនួន៦ ដែលរងគ្រោះខ្លាំងជាងគេមានដូចជាAutauga ,Chambers,Cosa,Dallas ,Elmore,Tallapoosa។
ខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះសម្បែងនិងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងផ្នែកខ្លះនៃរដ្ឋGeorgia ,Mississippi និងអាឡាបាម៉ា Alabama។ ចំណែក ជើងហោះហើរជាង២៥០ជើង នៃអាកាសយានដ្ឋានអន្តរជាតិ អាតស៍ហ្វៀល ជេកសុន អាត្លង់តា Hartsfield Jackson Atlanta និងអាកាសយានដ្ឋានអន្តរជាតិ Charlotte Douglas ត្រូវបានលុបចោលឬពន្យារពេល៕ ដោយធីរីណា
រូបថត : TTXVN-VNA