រដ្ឋមន្ត្រី​បរិស្ថាន​៖ ការមិនទទួលស្គាល់ទិវា ជ័យជម្នះ ៧ មករា គឺមានន័យថាស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍ថា​៖​ «ការមិនទទួលស្គាល់ទិវា ៧មករា ជ័យជម្នះ គឺមានន័យថា ស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម»។ ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់និងប្រជាពលរដ្ឋជិត១ពាន់នាក់។

លោក សាយ សំអាល់ បានថ្លែងឱ្យដឹងទៀតថា ទិវាជ័យជម្នះ ៧មករា មិនត្រឹមតែជាថ្ងៃរំឭកដល់ថ្ងៃរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តមួយ ដែលដាស់តឿនពលរដ្ឋកម្ពុជាគ្រប់ៗជំនាន់ ដើម្បីកុំឱ្យត្រឡប់មកជាន់ដានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះម្ដងទៀត។

កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ តួយ៉ាង កម្ពុជាបានងាកចេញពីការពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម និងធនធានធម្មជាតិ មកផ្ដោតលើវិស័យឧស្សាហកម្ម និងសេវាកម្មជាដើម ដោយបានបង្កើតការងារជាច្រើន និងលើកកម្ពស់នូវជីវភាពរបស់ប្រជាពលរដ្ឋ។

...

លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា យើងមានថ្ងៃនេះ ដោយសារតែយើងមានឯកភាពជាតិ សាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួបរួមគ្នាថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់វីរៈមគ្គុទេសក៍នៃកម្ពុជា សម្តេចតេជោសែន៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print