ខេត្តព្រៃវែង៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅភូមិព្រែកកាំភ្លើង នៅព្រឹកថ្ងៃចន្ទទី១៦ ខែមករា ឆ្នាំ២០២៣នេះថា៖ មានករណីផ្លូវកំពុងបាក់ស្រុតផ្លូវកៅស៊ូប្រវែងវែង១០០ម៉ែត្រ ស្ថិតនៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងដែលតភ្ជាប់ពីឃុំកំពង់ពពិលដល់ឃុំមេសរប្រចាន់ មានរយៈពេល៣ថ្ងៃមកហើយ គឺចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មកម៉្លេះ។ ប៉ុន្តែការបាក់ស្រុតនេះគឺគ្រាន់តែខូចខាតបន្តិចបន្តួចប៉ុណ្ណោះមិនទាន់ដល់ផ្លូវកៅស៊ូទេ ទើបនៅថ្ងៃទី១៦ ខែមករានេះ ស្រាប់តែបាក់ស្រុតដល់ផ្លូវកៅស៊ូតែម្តង។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់មន្ទីរដែលពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដី សូមជួយធ្វើការជួសជុលផ្លូវបាក់ស្រុតនេះឡើងវិញផង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានពលរដ្ឋធ្វើដំណើរទៅមកច្រើន ជាពិសេសសិស្សានុសិស្សទៅសាលារៀន និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។
គួររម្លឹកដែរថា កាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅ មានករណីបាក់ស្រុតផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិលស្រុកពារាំង ខេត្តព្រៃវែង បានរងការខូចខាតរួមមាន៖ ទី១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម។ ទី២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។ និងទី៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។
ចំណែកម្ចាស់ផ្ទះរងគ្រោះទី១៖ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)។ ២៖ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ)។៣៖ ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ)។ ផ្ទះទាំង៣ខ្នងខាងលើ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ។ តាមការស្មានខូចខាតគិតជាទឹកប្រាក់ប្រហែល៤០០.០០០.០០០រៀល៕ ដោយ៖សហការី