ប្រទេសម៉ាល់ឌីវ : នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
និងលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះផងដែរ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើនក្នុងនោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ហើយ ប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។
នៅឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើ និងការអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជារៀបចំស៊ីហ្គេមនៅពាក់កណ្ដាលឆ្នាំ២០២៣។
ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយដើម្បីសម្ពោធរួមគ្នាតែម្ដង។ សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។
ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។
សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ៕
ដោយ : សហការី