ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Ford EVERESTបត់ស្តាំដៃឆ្លងផ្លូវយ៉ាងលឿនមិនប្រយ័ត្នបណ្ដាលឱ្យប៉ះរថយន្តtoyota priusមួយគ្រឿងចំកាងខាងមុខខាងឆ្វេងបណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបណតប៊្រីតតាមបណ្តោយផ្លូវលេខ២០០៤ កែងនឹងផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AZ-5314 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនដែលជាកន្លែងកើតហេតុខាងលើ ក៏បានបង្អង់ល្បឿនតិចៗ ខណៈនោះក៏មានរថយន្ត Ford EVERERT មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BV-9181បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមកអែបនឹងរថយន្តព្រូសខាងឆ្វេងដៃ រួចបត់ស្តាំឆ្លងមកផ្លូវណតប៊្រីត បណ្តាលឱ្យប៉ះកាងរថយន្តPrius ផ្នែកខាងឆ្វេងរងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំការនៅគោលដៅកន្លែងកើតហេតុបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយពីសម្របសម្រួលគ្នារួចមក ខាងភាគីខាងរថយន្តFord បានចេញសំណងចំនួន១០០ ដុល្លារទៅឱ្យខាងភាគីរថយន្ត Prius ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតកើត៕ ដោយ ៖ ភារ៉ា ដង្កោ