ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលផ្លូវ៣ខ្សែនេះឲ្យបានប្រសើរ និងបរិច្ចាគដីខ្លះនិងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើអោយមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃាទី១៧ខែមករាឆ្នាំ២០២៣ ក្នុងការបើកកាដ្ឋានជុសជុលផ្លូវដីក្រាលគ្រួសក្រហមប្រវែង៤៧១០ម៉ែត្រនិងដាក់លូទោល៥កន្លែងឆ្លងកាត់៤ភូមិ មានភូមិក្រញូងភូមិមុខដា ភូមិសំរោងនិងភូមិរមៀតស្ថិតក្នុងឃុំមុខដា ស្រុករមាសហែកនិងបើកវេទិការសាធារណ:ដោយមាននិមន្តចូលរួមពីព្រះគ្រូអ៊ុកឬទ្ធី ចៅអធិការ វត្តគ្រញូងលោកមេឃុំនិងអាជ្ញារដែលពាក់ពន្ធ័និងបងប្អូនប្រជាពលរដ្ឋ។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថាសមិទ្ធិផល ផ្លូវដីគ្រួសក្រហមបីខ្សែមានប្រវែង៤៧១០ម៉ែត្រនិងដាក់លូទោល៥កន្លែងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងពិសេសមានលោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។
លោកបានបន្តថា ផ្លូវបីខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។
បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញនិងបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ សុថាន