សារព័ត៌មានរ៉យទ័របានផ្សាយថា មានមនុស្ស១៦នាក់ស្លាប់ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃDenys Monastyrskyផងដែរ ដោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងស្រុក Brovary ជាយទីក្រុងកៀវ នាថ្ងៃទី១៨ខែមករា។
ចំណែកភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ បានដកស្រង់សម្តីអាជ្ញាធរអ៊ុយក្រែនដែលបានឱ្យដឹងថា មនុស្សសរុបចំនួន១៨នាក់ ក្នុងនោះរួមមានទាំងកុមារ៣នាក់ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែនបានបាត់បង់ជីវិត នៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅក្បែរសាលាមត្តេយ្យ និងអគារស្នាក់នៅមួយកន្លែងក្បែររដ្ឋធានីកៀវ ។
អគ្គស្នងការប៉ូលិសជាតិអ៊ុយក្រែន លោក Igor Klymenko បាននិយាយថា តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ គឺ១៨នាក់ ហើយក្នុងចំណោមអ្នកស្លាប់ រួមមានរដ្ឋមន្រ្តីមហាផ្ទៃលោកDenys Monastyrsky និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់ទៀត របស់ក្រសួងមហាផ្ទៃ។ ក្រៅពីនេះ មនុស្សចំនួន២៩នាក់ផ្សេងទៀត រួមមានកុមារ១៥នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការសង្រ្គោះព្យាបាលផងដែរ។ មានមនុស្សសរុប៩នាក់ រួមទាំងលោក ម៉ូណាស្ទីស្គី ស្ថិតនៅលើឧទ្ធម្ភាគចក្រ។
ភ្លាមៗគេមិនទាន់ដឹងច្បាស់អំពី មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រខាងលើនៅឡើយទេ ខណៈដែលទីតាំងកើតហេតុគឺស្ថិតនៅក្នុងក្រុងBrovary ចម្ងាយប្រហែល២០គីឡូម៉ែត្រពីភាគឦសានទីក្រុងកៀវ៕ ដោយធីរីណា
រូបថត : Reuters