ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យលោកឈើតគៀត អាតថាករ( CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាមានសេចក្តីសោមនស្សរីករាយនិងសូមស្វាគមន៍ អបអរសាទរចំពោះលោកឈើតគៀត អាតថាករ ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចគូសបញ្ជាក់ថា ព្រះរាជាណាចក្រទំាងពីរ បានភ្ជាប់ចំណង ការទូតជាមួយគ្នាជាង៧០ ឆ្នាំ មកហើយ ហើយ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្ត ពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងទំាងពីរ ឲ្យបានកាន់តែល្អប្រសើរថែម មួយកម្រិតទៀត។
លោកឈើតគៀត អាតថាករ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកជួបសម្តែងគួរសមនាឱកាសនេះ ហើយបានបញ្ជាក់ថា លោកពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានមកបំពេញបេសកកកម្មការទូតនៅកម្ពុជា។ លោកសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៍ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ នៅក្នុងមានទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំផងដែរ។
លោកឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា។ ជាមួយគ្នានេះលោកឯកអគ្គរាជទូតក៏បានអបអរសាទរចំពោះជោគជ័យដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) នាពេលកន្លង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។
រាជរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជ កម្មទ្វេភាគី ចំនួន១៥ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមាន។ ដោយ ឡែកសម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់ និងសកលលោក។
ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់ រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភា គំាទ្របេសកកម្មការទូតរបស់លោកឈើតគៀត អាតថាករ និងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ៕ ដោយ៖ សូរិយា