អគ្គិភ័យលេបត្របាក់តំបន់អនាធិបតេយ្យក្នុងទីក្រុងសេអ៊ូល មនុស្សរាប់រយនាក់ត្រូវជម្លៀសចេញ

ចែករំលែក៖

មនុស្សប្រហែល៥០០នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅក្នុងភូមិ Guryong ដែលជាតំបន់អនាធិបតេយ្យចុងក្រោយដែលនៅសល់ក្នុងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។
សារព័ត៌មាន រ៉យទ័រ និងយ៉ុនហាប់ បានដកស្រង់សម្តីភ្នាក់ងារពន្លត់អគ្គិភ័យដែលបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅវេលាម៉ោង ៦និង២៨នាទីព្រឹកនេះ (ថ្ងៃទី ២០ ខែមករា) នៅក្នុងភូមិមួយស្ថិតនៅក្នុងតំបន់ Gangnam ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ ភូមិនេះមានប្រជាពលរដ្ឋប្រមាណ ៦៦៦គ្រួសារ ផ្ទះភាគច្រើនធ្វើពីបន្ទះប្លាស្ទិក។
លោក Shin Yong-ho មន្ត្រីនៅស្ថានីយពន្លត់អគ្គិភ័យ Gangnam បាននិយាយថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ស្លាប់ឬរងរបួសនោះទេ ប៉ុន្តែផ្ទះប្រហែល ៦០ខ្នងត្រូវបានឆេះ។ លោក Shin បានបន្ថែមថា អ្នកពន្លត់អគ្គិភ័យចំនួន 170 នាក់ មន្ត្រីរដ្ឋាភិបាល 300 នាក់ និងប៉ូលិសចំនួន 260 នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk Yeol ដែលកំពុងស្ថិតនៅក្នុងប្រទេសស្វីសសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាអតិបរមាក្នុងការប្រមូលផ្តុំរថយន្តពន្លត់អគ្គិភ័យ និងឧបករណ៍ទាំងអស់ដើម្បីកាត់បន្ថយការខូចខាតជាអប្បបរមា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Lee Sang-min ក៏បានណែនាំដល់មន្ត្រីត្រូវទប់ស្កាត់ការខូចខាតបន្ទាប់បន្សំ និងការពារប្រជាជនដែលរស់នៅក្បែរនោះ។
ភូមិ Guryong មានទីតាំងនៅភាគខាងត្បូងនៃតំបន់ Gangnam ។ ភូមិនេះត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ 1980 នៅពេលដែលប្រជាជនក្រីក្រនៅក្នុងតំបន់នេះត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេចំពេលគម្រោងអភិវឌ្ឍន៍របស់ទីក្រុង។
ក្នុងនាមជាតំបន់អនាធិបតេយ្យចុងក្រោយដែលនៅសេសសល់ក្នុងរដ្ឋធានីសេអ៊ូល ភូមិនេះគឺជាភស្តុតាងនៃវិសមភាពនៅក្នុងសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី ដោយសារវាស្ថិតនៅជាប់នឹងស្រុក Gangnam ដ៏ភ្លឺស្វាង និងសម្បូរបែប៕ ដោយធីរីណា

...

រូប​ថត​ :​ Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print