ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារសម្លេងលើផេកផ្លូវការ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។
សម្តេចតេជោ មានប្រសាសន៍ថា, ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
សម្តេចតេជោ ហ៊ុនសែន បានរម្លឹកថា, ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២៣ នេះតទៅ៕
ដោយ : សិលា