សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកបានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពជោគជ័យនៃការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលកន្លងទៅនេះ។ លោកបានមានប្រសាសន៍ទៀតថា ដោយសារតែភាពជោគជ័យនៃកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានបន្តវេនមកដល់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវរៀបចំធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ។ លោកក៏បានជូនពរដល់កម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ។ លោកក៏បានពាំនាំនូវការផ្តាំផ្ញើ និងអបអរសាទរពីសំណាក់ លោកប្រធានាធិបតីឥណ្ឌូនេស៊ីជូនចំពោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា។

លោកក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចដាក់ឈ្មោះផ្លូវ០២ខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំមណ្ឌូនេស៊ី ក្នុងនោះមាន វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ នៅរាជធានីភ្នំពេញ។ ហើយក្នុងនាមរដ្ឋាភិបាលឥណ្ឌូនេស៊ី លោកបានអរគុណសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាការបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ឥណ្ឌូនេស៊ី និងកម្ពុជា។ លោកបានជម្រាបជូនថា ឈ្មោះថ្នាក់ដឹកនាំទាំងពីរនេះ គឺមានទំនាក់ទំនងល្អ ជាមួយប្រជាជនកម្ពុជា។ លោកបន្តថា នេះអាចជាភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្វើឲ្យទំនាក់ទំនង ទ្វេភាគីកាន់តែរឹងមាំ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានអរគុណផងដែរចំពោះការចូលរួមឧបត្ថម្ភនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោបានជួយប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ។ លោក បានជម្រាបសម្តេចតេជោថា រយៈពេលបួនឆ្នាំដែលបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកបានមើលឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន។

លោក ក៏បានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច ងើបពីវិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលមានរីកចម្រើន ទាំងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីជាមានបញ្ហាជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ។ លោកសង្ឃឹមថា ក្រោយពីការបើកព្រំដែនឡើងវិញ ការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខធ្វើឲ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមកសម្រួលដល់ការធ្វើដឹកជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងផ្សេងទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេសកម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ មិនអាចកាត់ផ្តាច់ពីការជួយគាំទ្រពីប្រទេសភាគីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាមិត្ត ជាពិសេស ឥណ្ឌូនេស៊ី បានគាំទ្រឲ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកផងដែរថា សម្ដេចផ្ទាល់បានគាំទ្រឲ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលការខិតខំទាំងនេះ បានសម្រេចដោយជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។ សម្តេច ក៏បានអរគុណដល់លោក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងសហការី ដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាពិសេសឥណ្ឌូនេស៊ីបានជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។

សម្តេចបានបន្តថា ឥណ្ឌូនេស៊ី បានចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់មក គឺទំនាក់ទំនងនេះបានពូនជ្រុំ ជាពិសេសឥណ្ឌូនេស៊ី ក៏បានចូលរួមចំណែកស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យកម្ពុជាមានសន្តិភាពមកដល់ពេលនេះផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print