ខេត្តស្វាយរៀង: លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលបានថ្លែងថាសមិទ្ធិផល ផ្លូវមួយខ្សែក្នុងភូមិសេកយំឃុំពងទឹកនេះមានសារៈសំខាន់ណាស់
សម្រាប់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សក្នុងការធ្វើដំណើរ ឆ្លងកាត់និងដឹកកសិកផល ផ្សេងៗបន្ទាប់ពីទទួលរងការខូចខាតពិបាកក្នុងការធ្វើដំណើរនាឆ្នាំ២០២២កន្លងទៅនេះ។
ការថ្លែងបែបនេះរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៣ក្នុងពិធី
បើកការដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៨០០ម៉ែត្រគម្រោងឆ្នាំ២០២២ ឆ្លងកាត់ចំនួន ០២ភូមិ គឺភូមិសេកយំ ប្រវែង ១,៥០០ម៉ែត្រ និងភូមិព្រៃតាយ័ន្តប្រវែង ៣០០ម៉ែត្រ ដោយមានការចូលរួម ដូចជា មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋខេត្តប្រចាំស្រុករំដួល តំណាងអ្នកទទួលការក្រុមហ៊ុន និងក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ ភូមិ សេកយំ និង ភូមិព្រៃតាយ័ន្ត ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមចំនួន ១០០ នាក់ស្រី ៣៩នាក់។
លោក រស់ ផារិទ្ធ បានបន្តថា ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកឃុំពងទឹក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធ្វើដំណើរទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។
បន្ថែមពីនេះទៀតលោក រស់ ផារិទ្ធ ជំរុញដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាពជាចំបង ជាពិសេស សូមបងប្អូនអញ្ជើញទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញអោយបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលដើម្បីជារបស់កំដរដៃ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ១០០នាក់ ក្នុងម្នាក់ ក្រមា ១ និងបានប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្តសេកមាសផងដែរ៕ ដោយ៖ សុថាន