ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៤គ្រឿង ម៉ូតូចំនួន ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤០៦គ្រឿង មានម៉ូតូចំនួន ៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ។
ដោយឡែកក្នុងរយៈពេល២១ថ្ងៃ(ថ្ងៃទី០១-២១ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ២២.៩៦៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥.៥៥៧គ្រឿង ម៉ូតូមានចំនួន ៤.៨៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២១ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖សហការី