ភ្នំពេញ : លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការ ខេត្តរតនគិរី ! កន្លងទៅថ្មីៗនេះ ឃើញមានបណ្ដាញទំនាក់ទំនងសង្គម facebook គេហទំព័រ ក្នុងស្រុក បានធ្វើការផ្សព្វផ្សាយជាច្រើន ជុំវិញអំពើពុករលួយរបស់គាត់។ ក្នុងនោះត្រូវបានគេដកស្រង់ចេញពីលិខិតអនាមិក សង្ស័យថាលិខិតនេះ គឺចេញពីក្រុមមន្ត្រីរបស់លោកប្រធានមន្ទីរផ្ទាល់ ខណៈលម្អិតបញ្ហាផ្ទៃក្នុងចំពោះការដឹកនាំរបស់ លោក ខេង វុទ្ធី បានប្រព្រឹត្តអំពើពុករលួយ និងមានភាពមិនប្រក្រតី ជាច្រើន ត្រូវបានលាតត្រដាង។
ទោះជាយ៉ាងណាក៏ដោយ, ជុំវិញបញ្ហាខាងលើនេះ មិនទាន់មានប្រភពច្បាស់ការណ៍ នៅឡើយទេថា , ថ្នាក់ដឹកនាំក្រសួងផែនការ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ស្រាវជ្រាវ ឬមួយយ៉ាងណា ?
ប៉ុន្តែ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ សម្រេចផ្លាស់ប្តូរ លោក ខេង វុទ្ធី ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា, ៖ ក្រោយពីបែកធ្លាយផ្ទុះរឿងបណ្តឹងអនាមឹក មន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យជួយបើកការស៊ើបអង្កេត លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានផែនការ រហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងផែនការ សម្រេចផ្ទេរក្របខ័ណ្ឌលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី និងជាទីប្រឹក្សាក្រសួងផែនការ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងផែនការ ដោយចាត់ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។
ចំពោះ ប្រាក់បៀវត្ស និងរាល់ផលប្រយោជន៍របស់សាម៉ីខ្លួនត្រូវបន្តបើកនៅអង្គភាពថ្មី បន្ទាប់ពីបានកាត់ផ្តាច់ ចេញពីអង្គភាពចាស់។ ការសម្រេចនេះ ធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹងអនាមិក បានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីថា ៖ លោកមិនឱ្យ មន្ត្រី ចូល ធ្វើការដោយសន្យា រក្សាក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ប្រធានមន្ទីរជាអ្នកយក។ លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញនោះទេ ក្នុងមួយឆ្នាំៗ ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃ។ រួចហើយសុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។
មន្ត្រីរាជការក្នុងមន្ទីរផែនការខេត្តរតនគិរី សង្ឃឹមថាថ្នាក់ដឹកនាំក្រសួង បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកការពិតរាល់ការប្រព្រឹត្តរបស់លោកប្រធានមន្ទីរ ។ ទោះជាបច្ចុប្បន្ន ត្រូវបានផ្ទេរតំណែងទៅកាន់កន្លែងថ្មីក៏ពិតមែន ក៏មន្ត្រីក្រោមឱវាទទាំងអស់ ចង់ឱ្យថ្នាក់លើ បានដឹង ជ្រាបច្បាស់អំពីអំពើពុករលួយរបស់លោកប្រធានមន្ទីររូបនេះ៕
ដោយ : សិលា