ក្រសួងមហាផ្ទៃ ចាប់ផ្ដេីមបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មីហេីយ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិកនៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអភិបាលខេត្ត នាយករដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

នាឱកានោះដែរ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះសមាជិកអង្គប្រជុំដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយគ្នានោះដែរ លោក បានណែនាំដល់អភិបាលខេត្តដែលមានក្រុង ស្រុកទើបបំបែក និងបង្កើតថ្មី ស្តីអំពីតួនាទី ភារកិច្ចដែលត្រូវរៀបចំ ដែលលោក បានបញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសិក្សា និងកំណត់ទីតាំងជាក់ស្តែងនៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

ជាងនេះទៀត អភិបាលខេត្តនីមួយៗ ក៏ត្រូវសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីមន្ត្រីកិច្ចសន្យា បញ្ជីថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ស្រុកបំបែក និងបង្កើតថ្មី។ ក្នុងនោះរដ្ឋបាលខេត្ត ត្រូវធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួនស្របតាមច្បាប់ និងត្រូវរៀបចំអង្គការចាត់តាំង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវសហការសម្របសម្រួល និងបញ្ហាដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការនៃរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី ឱ្យមានភាពរលូន និងទទួលបានជោគជ័យ។

អង្គប្រជុំបានពិភាក្សាពីទិសដៅ និងគម្រោងផែកការបន្ត ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាគ្នាលម្អិតសំខាន់ៗលើការងាររៀបចំមន្ត្រី បុគ្គលិក រចនាសម័ន្ធគ្រប់គ្រង និងទីតាំង ក៏ដូចជាថវិការគាំទ្រ និងបញ្ហាផ្សេងៗទៀត ដើម្បីឱ្យការ ដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី មានភាពរលូន និងមានវឌ្ឍនភាពបានលឿនបំផុត។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុង ស្រុកដែលបំបែក និងបង្កើតថ្មី មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយនៅក្នុងខេត្តកណ្តាលមានក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ចំពោះខេត្តកំពង់ស្ពឺ មានសក្រុងឧត្តុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ហើយខេត្តក្រចេះ មានស្រុក អូរគៀងសែនជ័យ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print