លទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់លោក ប្រាក់ សុខុន ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២៤ ខែមករា ឆ្នាំ ២០២៣ ។
តបតាមការអញ្ជើញរបស់លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ច ការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែ មករា ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ច នេះត្រូវបានប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពី ពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។

រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះភាពល្អប្រសើរបំផុតដែលពុំធ្លាប់មាននៅ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជាន់ខ្ពស់យ៉ាងញឹកញាប់ ពិសេស ដោយមានជំនួបកំពូលទ្វេភាគីចំនួន ០៤លើក រវាងសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំមុន។

រដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងសកម្មលើវិស័យ សន្តិសុខ និងការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហាន ប្រទេសទាំងពីរ និងការចូលចតរបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា កាលពីឆ្នាំមុន។

រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការរីករាយចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ ដែលបានឈានទៅជិតដល់កម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងលំហូរយ៉ាងខ្លាំងនៃវិនិយោគ ពីប្រទេសជប៉ុនចូលមកកម្ពុជា ហើយ លោករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពធ្វើការជិតស្និទ្ធជាមួយ គ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន រួមទាំង ការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា ភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព និងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុង ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ “កម្ពុជាគ្មានគ្រាប់មីននៅ ត្រឹមឆ្នាំ២០២៥» របស់កម្ពុជា។

ចំពោះប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពឲ្យមានការចាប់ផ្ដើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺ រាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និង បានសម្តែងនូវការប្ដេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីទាំងពីរក៏បានពិចារណាជាវិជ្ជមាន ក្នុងការដំឡើងកម្រិតយន្តការ ពិគ្រោះយោបល់ទ្វេភាគីបច្ចុប្បន្ន ពីថ្នាក់ឧត្តមមន្ត្រី ទៅថ្នាក់អនុរដ្ឋមន្ត្រី។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហ- ប្រតិបត្តិការត្រីភាគី ដែលកំពុងដំណើរការ ស្តីពីការដោះមីនសម្រាប់អ៊ុយក្រែន និងឯកភាពពង្រីក កិច្ចសហការនេះដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ រដ្ឋមន្ត្រីទាំងពីរក៏ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី និងឯកភាពគ្នាពង្រឹងភាពជាដៃគូ និងកិច្ចសហ- ប្រតិបត្តិការបន្ថែមទៀត ពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពាក់ព័ន្ធអាស៊ាន។

លោក ហាយ៉ាហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក្នុងពេលនោះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុន និង បានថ្លែងពីការគាំទ្រយ៉ាងពេញលេញពីសំណាក់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលលើក អនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០ នេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ដូចជា សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ចំពោះស្ថាន ការណ៍នៅមីយ៉ាន់ម៉ា លោក ហាយ៉ាហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរយ៉ាងខ្លាំងរបស់ ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុង ការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មកប្រក្រតីភាពឡើងវិញ និងសង្ឃឹម ថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ។

ជាចុងបញ្ចប់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥត ងាករេរបស់កម្ពុជា ចំពោះជប៉ុនជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពន្លឿនឱ្យមានដំណោះស្រាយឆាប់រហ័ស លើបញ្ហា ការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ លើសពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការគាំទ្ររបស់កម្ពុជា ចំពោះគោលការណ៍សំខាន់បី នៃយុទ្ធសាស្ត្រសន្តិសុខ ជាតិជប៉ុន (NSS) ដែលផ្តោតលើវិភាគទានប្រកបដោយបុរសកម្មដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទាំងវិបុលភាពរួមគ្នាជាមួយនឹងបណ្តាប្រទេសនានាដទៃទៀត។

ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចូលរួមពិធី ជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ និងបានប្រាស្រ័យទាក់ទងជាមួយនឹងសមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន និង សមាគមជប៉ុន-កម្ពុជាផងដែរ។ នៅក្នុងជំនួបទាំងនោះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការអរគុណចំពោះស្ថាប័នទាំងពីរ ដែលបានរួមចំណែកដល់ការរីកចម្រើនជារួមនៃទំនាក់ ទំនងកម្ពុជា-ជប៉ុន។ ជាការឆ្លើយតប គណប្រតិភូទាំងនោះបានសន្យា នឹងបន្តជួយជម្រុញឱ្យចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ពីរ កាន់តែស៊ីជម្រៅថែមទៀត៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print