ខេត្តតាកែវ ៖ មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា លោកប្រធានសាខាកាំងកុងត្រូលខេត្តតាកែវដែលទើបឡើងកាន់ដំណែងថ្មីៗ បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយ៍ប្រេងក្នុងខេត្តទាំងអស់ត្រូវបង់លុយឲ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនិងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងនៃការលក់ផលិតផលរបស់ខ្លួន។
តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកស្ថានីយ៍ប្រេងឥន្ធនៈបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូវខេត្តតាកែវ បានដាក់កំហិតឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី២០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមទំហំស្ថានីយប្រេងសាំងតូច ធំ មិនចឹងទេនឹងប្រឈមការផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលម្ចាស់ស្ថានីយ៍មាន។ ប្រភពបង្ហើបថា ពេលកម្លាំងជំនាញកាំកុងត្រូលចុះពិនិត្យការលក់ តាមស្ថានីយ៍ប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រគឺត្រូវព្រមាននិងពិន័យ តែបើនិយាយត្រូវរ៉ូវគ្នាជាមួយជំនាញ និងយល់ព្រមបង់លុយជាប្រចាំខែទៅឲ្យគាត់ គឺអាចដំណើរការបានមិនអីទេ។
ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនមានដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញលោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឲ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។
សូមបញ្ជាក់ដែរថា ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ស្ថានីយ៍ទាំងតូចទាំងធំ ហើយបើត្រូវបង់លុយទៅឲ្យលោកប្រធានសាខាកាំងកុងត្រូលដូចដែលប្រភពបែកធ្លាយមែននុះ លោកប្រធាននិងគ្រប់ទឹកដូចជីកកំណប់ហើយមួយខែៗ៕ ដោយ៖ សូរិយា