សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះបានផ្សាយថា មានពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ៣,៥០០នាក់ត្រូវបានជម្លៀសឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋ Johor នៃប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២៥ខែមករា ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកផ្នែកខ្លះនៃរដ្ឋមួយនេះ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឱ្យដឹងថា រដ្ឋចូហូរ បានកត់ត្រាជនរងគ្រោះដោយទឹកជំនន់ចំនួន៣,៤៨២នាក់គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ សារព័ត៌មាន Bernama បានរាយការណ៍ថា បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ ឥឡូវនេះមានមជ្ឈមណ្ឌលសង្គ្រោះចំនួន៣៥ កំពុងដំណើរការនៅក្នុងរដ្ឋចូហូរ។ ស្រុកសេហ្កាម៉ាត (Segamat) រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានប្រជាជនចំនួន១,៣៩២នាក់រស់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១៣។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករណ៍នៅព្រឹកថ្ងៃពុធនេះថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងរដ្ឋចូហូរ រយៈពេលពេញមួយថ្ងៃ ព្រមជាមួយនឹងការព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកមួយចំនួននៃរដ្ឋនេះ។
គ្រោះទឹកជំនន់គឺជាបាតុភូតប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែខ្យល់មូសុងឦសានដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕ ដោយធីរីណា
រូបថត : TTXVN-VNA