ភ្នំពេញ : លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមលោក ជាប្រជាពលរដ្ឋម្នាក់ បានលើកឡើងពីបញ្ហា ការជជែក រវាងអ្នកសារព័ត៌មាន Online និងអ្នកដំណើរជួយសង្គ្រោះ ជនរងគ្រោះ ដែលលោកមានបំណងសំខាន់ ចង់អោយខ្មែរ មានវប្បធម៌ ចេះជួយគ្នា ។ ក្នុងនោះ លោក ស សុខា លើកឡើងនូវការបកស្រាយ ចំនួន ៤ចំណុច ។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានចូលមើល ក្នុង facebook ឯកជន របស់សម្តេច ហើយ Comment ថា, ( គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយស សុខា។ សម្តេចតេជោបន្តថា, ត្រូវជួយគ្នាជាមុនទើបបញ្ចៀសបាននូវបញ្ហាកាន់តែធំ។
សម្តេចមានប្រសាសន៍ទៀតថា, ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះអ្នកបានជួយដែលនេះ ជាវប្បធម៌ដ៍ល្អនៃជាតិសាសន៍យើង។ )
ភ្លាមៗនោះ លោក ស សុខា ក៏បានគោរពឆ្លើយតាមសម្តេច តេជោ ដោយបញ្ជាក់ថា, ( ក្មួយសូមគោរពថ្លែងអំណរគុណ
ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រសាសន៍ពោរពេញដោយអត្តន័យ ដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស បំផុសស្មារតី«វប្បធម៌ជួយគ្នា»ក្នុងនាមជាតិសាសន៍ខ្មែរ។ សូមសម្តេចតេជោ មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់
បំផុតពីក្មួយ។
ទីបំផុត ! នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។
សម្តេចតេចជោ បានជំរុញឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែតOnlineម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
សូមរម្លឹកថា, លោក ស សុខា បានបង្ហោះលើ facebook ផ្លូវការ របស់ខ្លួន ដោយសរសេរថា, តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង!
…………….
មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ។
ទី១.យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា? តាមខ្ញុំយល់ ពេលដែលគាត់កំពុងបើកម៉ូតូឌុបប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថា អ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ ខ្ញុំថា បើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើងនាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម។
ទី២.ជាការពិត រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុសដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ? ដូចខ្ញុំលើកឡើងខាងលើ ប្រហែលជាពេលនោះ គាត់មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន។
ទី៣.ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច,
សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេលគាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត។
ទី៤.សរុបសេចក្ដីទៅ គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀតនោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា! ។
លោក ស សុខា បានសរសេរបង្ហោះ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការជជែកគ្នាច្រើន លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៕
ដោយ : សហការី