ភ្នំពេញ : ក្រសួងសុខាភិបាល សំណើចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រីអភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្ដីណែនាំជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការ លើកដាក់ និងការបញ្ជូនជនរងគ្រោះ។ ក្នុងន័យនេះសូម លោក លោកស្រី ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។ ជាមួយ គ្នានេះ ក្រសួងសុខាភិបាលសូម លោក លោកស្រី ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។
អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការតាមការណែនាំខាងលើ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ : សិលា