ក្រសួងអប់រំឧត្តមសិក្សាដែលគ្រប់គ្រងដោយពួកតាលីបង់បានបញ្ជាឱ្យសាកលវិទ្យាល័យឯកជន នានាក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនត្រូវអនុញ្ញាតឱ្យនិស្សិតស្រីប្រឡងចូលសាកលវិទ្យាល័យ នៅខែក្រោយនោះទេ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សំបុត្រពីទីភ្នាក់ងារនេះត្រូវបានផ្ញើទៅកាន់សាលារៀន ដែលមានទីតាំងនៅខេត្តភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន រួមទាំងរដ្ឋធានីកាប៊ុលផងដែរ។ ទាំងនេះគឺជាតំបន់ដែលការប្រឡងចូលមហាវិទ្យាល័យនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ។ លិខិតនោះបាននិយាយថា កន្លែងណាដែលមិនគោរពតាមបទប្បញ្ញត្តិថ្មីនឹងប្រឈមនឹងវិធានការផ្លូវច្បាប់។
ពីមុននៅក្នុងខែធ្នូ ឆ្នាំ 2022 ក្រសួងឧត្តមសិក្សាអាហ្វហ្គានីស្ថានបានស្នើឱ្យសាកលវិទ្យាល័យ នានាផ្អាកការសិក្សារបស់និស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែមជាថ្មី។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋាភិបាលបានហាមបុគ្គលិកជាស្ត្រីភាគច្រើននៅអង្គការក្រៅរដ្ឋាភិបាលមិនឱ្យធ្វើការ។ ពួកតាលីបង់ក៏បានបិទសាលាវិទ្យាល័យភាគច្រើនសម្រាប់ក្មេងស្រីផងដែរ។
សហគមន៍អន្តរជាតិបានថ្កោលទោស យ៉ាងខ្លាំងចំពោះការរឹតត្បិតដែលក្រុមតាលីបង់ដាក់លើស្ត្រីនិងកុមារី។ លោកខាងលិចបានព្រមានម្តងហើយម្តងទៀតចំពោះពួកតាលីបង់ឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះស្ត្រី ដោយហេតុនេះទើបមានឱកាសទទួលបានការទទួលស្គាល់ជាផ្លូវការពីសហគមន៍អន្តរជាតិ និងកាត់បន្ថយភាពឯកោផ្នែកសេដ្ឋកិច្ច។
អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ដែលមួយផ្នែកដោយសារទណ្ឌកម្មធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារ និងកាត់បន្ថយជំនួយអភិវឌ្ឍន៍។ ភាគីជាច្រើនព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់សិបលាននាក់កំពុងត្រូវការជំនួយជាបន្ទាន់។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ធនាគារពិភពលោកក្នុងសប្តាហ៍នេះក៏បង្ហាញផងដែរថា រដ្ឋាភិបាលតាលីបង់ ដែលអះអាងថាផ្តោតលើភាពគ្រប់គ្រាន់ខ្លួនឯង បានរក្សាប្រាក់ចំណូលយ៉ាងរឹងមាំកាលពីឆ្នាំមុន និងការធ្វើឱ្យប្រសើរឡើងនូវការនាំចេញ៕ ដោយធីរីណា
រូបថត : Reuters