ស្លាប់៤០នាក់ដោយគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីលើស្ពាន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៤០នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ រថយន្តក្រុងធ្លាក់ពីលើស្ពាននៅក្នុងស្រុក Lasbela ខេត្ត Balochistan ប្រទេស ប៉ាគីស្ថាន នៅថ្ងៃទី២៩ខែមករា។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ចំនួន២បានកើតឡើងគាប់ជួនគ្នានាថ្ងៃអាទិត្យនេះ នៅឯប្រទេសប៉ាគីស្ថាន ដោយក្នុងនោះ មួយករណីគឺរថយន្តក្រុង១គ្រឿង បានបើកធ្លាក់ពីលើស្ពានរួចឆាបឆេះឡើង ជាហេតុនាំឱ្យមនុស្សជាង៤០នាក់ស្លាប់ ខណៈមួយករណីទៀតគឺក្មេងៗ១០នាក់ បានបាត់បង់ជីវិតក្រោយទូកដែលពួកគេជិះបានលិច។
សម្រាប់ទីតាំងនៃករណីរថយន្តបើកធ្លាក់ស្ពាន គឺស្ថិតនៅខេត្ត Balochistan ភាគខាងត្បូងប្រទេស។ រថយន្តក្រុងនោះដែលផ្ទុក មនុស្សសរុប៤៨នាក់ បានជួបគ្រោះថ្នាក់នៅតាមផ្លូវធ្វើដំណើរចេញពីរដ្ឋធានីកេតា (Quetta) នៃខេត្តបាឡូជីស្ថានឆ្ពោះទៅកាន់ទីក្រុងការ៉ាជី (Karachi)។ សាកសព៤១នាក់ត្រូវយកបានចេញពីក្នុងរថយន្ត ខណៈដែលមនុស្សមួយចំនួនទៀតបានរងរបួស។
ដោយឡែក នៅខេត្តមួយផ្សេងទៀតនាភាគពាយព្យប្រទេសប៉ាគីស្ថាន កុមារចំនួន១០នាក់បានបាត់បង់ជីវិត បន្ទាប់ពីទូកធ្វើដំណើររបស់ពួកគេ បានលិចនៅបឹងតានដាដាំ (Tanda Dam) ហើយពួកគេមានអាយុចន្លោះ៧-១៤ឆ្នាំ។ ចំណែកឯក្មេងៗ១១នាក់ទៀតក៏ត្រូវបានជួយសង្រ្គោះចេញពីទឹកផងដែរ ក្នុងនោះ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទូកដែលជួបគ្រោះថ្នាក់នោះផ្ទុកសិស្សសាលាសរុបចន្លោះ២៥-៣០នាក់។
ហេតុការណ៍ខាងលើតែងតែកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ។ តួយ៉ាងកាលពីខែមិថុនា ឆ្នាំមុន មនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ ក្នុងនោះរួមមានទាំងសមាជិក៩នាក់នៃគ្រួសារមួយ នៅពេលរថយន្តដឹកអ្នកដំណើរ១គ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅ។ ចំណែកនៅខែកក្កដា ឆ្នាំដដែល មនុស្ស១៨នាក់បានបាត់បង់ជីវិត នៅពេលទូកមួយគ្រឿងដឹកមនុស្សច្រើនកកកុញបានលិច៕ ដោយធីរីណា

រូប​ថត​ : TTXVN

...

រូប​ថត​ : Al Arabiya

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print