សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីអប់រំអូស្រ្តាលីបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្រ្តាលីកំពុងត្រៀមលក្ខណៈ សម្រាប់ការត្រឡប់មកវិញរបស់និស្សិតចិនរាប់ម៉ឺននាក់ បន្ទាប់ពីក្រសួងអប់រំរបស់ប្រទេសចិនបានព្រមានដល់និស្សិតរបស់ខ្លួនដែលទទួលការសិក្សានៅក្រៅប្រទេសថា ការរៀនតាមអនឡាញនឹងលែងត្រូវទទួលស្គាល់តទៅទៀតហើយ។
វិស័យអប់រំរបស់ប្រទេសអូស្រ្តាលី ដែលបង្កើតចំណូលបានខ្ទង់៣៩ពាន់លានដុល្លារអូស្រ្តាលីឬស្មើនឹង២៧.៦៦ពាន់លានដុល្លារអាមេរិក នៅមុនវិបត្តិជំងឺរាតត្បាតកូវីដ-១៩ គឺមានចំណងទាក់ទងយ៉ាងរឹងមាំជាមួយប្រទេសចិន ដោយនិស្សិតចិនជាមធ្យមប្រហែលជា ១៥០,០០០នាក់ បានចុះឈ្មោះសិក្សានៅតាមសាកលវិទ្យាល័យរបស់អូស្រ្តាលី ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន និស្សិតចិនរាប់ម៉ឺននាក់ មិនទាន់បានត្រឡប់ទៅអុស្រ្តាលីវិញទេ ចាប់តាំងតែពីមានការរឹតត្បិតកូវីដ-១៩ ក៏ដូចជាការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងការទូត ដែលបានជំរុញឱ្យនិស្សិតជាច្រើនត្រឡប់ទៅប្រទេសចិនវិញ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ គឺ៣សប្តាហ៍មុនពេលសាកលវិទ្យាល័យអូស្រ្តាលីចាប់ផ្តើមឆ្នាំសិក្សាថ្មី អាជ្ញាធរអប់រំរបស់ចិនបានចេញសារព្រមានថា ខ្លួននឹងលែងទទួលស្គាល់បរិញ្ញាបត្រក្រៅប្រទេស ដែលទទួលបានតាមរយៈការរៀនបែបអនឡាញទៀតហើយ និងបានទទួចឱ្យនិស្សិតចិនទាំងអស់ត្រឡប់ទៅសិក្សានៅតាមសាកលវិទ្យាល័យក្រៅប្រទេសរបស់ពួកគេដោយផ្ទាល់វិញ ឱ្យបានឆាប់តាមតែធ្វើទៅបាន។
ការវិលទៅរកភាពប្រក្រតីនៃចំណងទាក់ទងវិស័យអប់រំរវាងអូស្រ្តាលីនឹងចិនបានកើតមានឡើងប៉ុន្មានសប្តាហ៍ក្រោយទីក្រុងប៉េកាំងបានបន្ធូរបន្ថយបម្រាមនាំចូលលើធ្យូងថ្មអូស្រ្តាលី ដែលជាសញ្ញាវិជ្ជមានថ្មីចុងក្រោយមួយទៀត ខណៈដែលប្រទេសទាំងពីរកំពុងបន្តធ្វើការរួមគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងការទូតមានភាពប្រសើរឡើងវិញ បន្ទាប់ពីវាបានធ្លាក់ដុនដាបខ្លាំង អស់រយៈពេលប្រហែល៣ឆ្នាំ៕ ដោយធីរីណា
រូបថត : TTXVN