ភ្នំពេញ៖ ក្រោងរងការរិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គមមួយចំនួនជុំវិញការនិយាយមិនបានល្អ ក្នុងកម្មវិធីប្រគួត Miss Planet International 2023 ពេលនេះ ពិធីការិនី ឌួង ហ្សូរីដា បានចេញមុខតបហើយ។ នាងអរគុណដល់ការរិះគន់ ប៉ុន្តែ នាងសួរត្រឡប់ទៅកាន់អ្នកលេងបណ្តាញសង្គមខ្លះថា មានធ្លាប់ជួយអ្វីខ្លះដល់សង្គមវិញទេ?
គេចាំបានថាកម្មវិធីMiss Planet International បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ កាលពី រាត្រីទី ២៩ ខែ មករា ឆ្នាំ ២០២៣ ដោយ ម្ចាស់មកុដថ្មីហើយ បានទៅលើបវរកញ្ញា ប្រទេសហ្វីលីពីនគឺកញ្ញា Maria Luisa Varela ។ ទោះជាយ៉ាងណាកម្មវិធីនេះបែជារងការរិះគន់មួយចំនួន ពិសេសទៅលើពិធីការិនីកញ្ញា ឌួង ហ្សូរីដា ដែលបាននិយាយកាត់ជាញឹកញាប់ និងលើកឡើងពីការរៃអង្គាសប្រាក់ដើម្បីជួយដល់ដំណើរការកម្មវិធីប្រគួតបែបអន្តរជាតិទៅវិញ។
ពិធីការិនីឌួង ហ្សូរីដា បានរងការរិះគន់ថាបានព្យាយានិយាយកាត់នឹងការនិយាយរបស់ពិធីការិនីជនជាតិបរទេសម្នាក់បាននិយាយភាសាអង់គ្លេសមិនទាន់ចប់សប់គ្រប់នោះ ដែលមើលទៅហាក់មិនទាន់បានល្អប្រសើរ។ ក្នុងនោះកញ្ញា ក៏បានទាំងធ្វើការប្រកាសអំពីការស្វែងរកថវិកាជួយឧត្តម្ភបន្ថែមសម្រាប់កម្មវិធីដែលដំណើរការនោះផងដែរដែរ ដែលអ្នកលេងបណ្តាញសង្គមបានលើកឡើងថា ជាររឿងមិនសមទំនងព្រោះតែកម្មវិធីគេសង្កេតឃើញមានការជួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនធំមួយចំនួនរួចទៅហើយ ដែលការប្រកាសរកជំនួយនេះអាចធ្លាក់តម្លៃកម្មវិធិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មុននេះនាងបានតបត្រឡប់ទៅកាន់អ្នកលេងបណ្តាញសង្គមថា នាងអរគុណសម្រាប់ការរិះគន់ ប៉ុន្តែនាងលើកឡើងថាអ្នកលេងបណ្តាញសង្គមខ្លះមិនបានធ្វើអ្វីក្រៅពីការរិះគន់ និងចែករំលែករឿងអវិជ្ជមានហើយនាងមិនល្អគ្រប់១០ទេ ប៉ុន្តែនាងសប្បាយចិត្តដែលបានជួយដល់កិច្ចការងារសង្គម និងស្វែងរកថវិការឲ្យអ្នករៀបចំកម្មវិធីជាការលើកមុខមាត់ប្រទេសជាតិ ។ អ្នកធ្វើតែងខុសមានតែអ្នកមិនធ្វើទេទើបមិនខុស។ មុននេះនាងក៏បានបញ្ចេញទស្សនៈបន្ថែមទៀតថា៖ អ្វីដែលខ្ញុំសប្បាយចិត្តនោះគឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និង ការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធ៌ម ទេសចរណ៍ និង បរិស្ថាន ពីប្រទេសកម្ពុជាអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធ៌មនៃការចែករំលែក ជួយគ្នា និង គាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និង បង្កើតឡើង ពីកម្មវិធី Miss Planet International ដែលមានស្ថាបនឹកជាអ្នកបង្កើតកម្មវិធីនេះជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក។
គួរបញ្ជាក់ដែរថាក្រៅពីករណីនេះក៏ការរិះគន់ទៅកាន់ពិធីការិនីរូបនេះក៏មានការរិះគន់ខ្លះៗទៅកាន់អ្នកចម្រៀងរ៉េប ពូឃ្លាំងដែលបានឡើងច្រៀងសម្រាប់ឲ្យកញ្ញាឯកបង្ហាញមុខ ដែលមើលទៅមិនទាន់បានល្អប្រសើរ ខណៈដែលការច្រៀងក៏មិនទាន់ស៊ីចង្វាក់នឹងការដើរបង្ហាញម៉ូតជាដើម។ ទោះជាយ៉ាងណា មានអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក៏បានថ្លែងការកោតសរសើរអំពីកម្មវិធីដែលអាចដំណើរការទៅបានបញ្ចប់ បើទោះបីជាបេក្ខភាពមកពីបណ្តាប្រទេស១៤ប៉ុណ្ណោះដែលបានចូលរួមក្នុងកម្មវិធី ហើយនេះគឺជាលើកដំបូងដែលកម្មវិធីបង្កើតដោយកូនខ្មែរ ត្រូវបានធ្វើឡើងដែលបានរួចចំណែកជួយលើកកម្ពស់មុខមាត់ជាតិ ពិសេសការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅកាន់ពិភពលោកផងដែរ៕
ដោយ វឌ្ឍនា