ខេត្តព្រះសីហនុ៖ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ កម្លាំងនគរបាលចម្រុះនៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តមានជាតិស្រវឹង ,លក្ខណៈបច្ចេកទេសយានយន្ត និងរកសារធាតុញៀនអ្នកបើកបររថយន្តគ្រប់ប្រភេទ។
ជាក់ស្ដែងនៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សូមជម្រាបដែរថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់គោលដៅនៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២១៨ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដេីម្បីចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕ដោយ៖សហការី